រដ្ឋបាលខេត្តបន្ទាយមានជ័យនឹងរៀបចំក្នុងយុទ្ធនាការ​ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ​កម្ពុជា​ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានអំពាវនាវដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​​ អាជីវករ​ ពាណិជ្ជករ​ សប្បុរសជន​ ចូលរួមជាមួយរដ្ឋបាលខេត្តក្នុងយុទ្ធនាការ​ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារ​កម្ពុជា​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ការអំពាវនាវនេះធ្វេីឡេីងនៅឱកាសដឹកនាំកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពី​ ស្ថាប័នអយ្យការអមសាលាដំបូង​ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ គណៈអភិបាលរង​ខេត្ត មន្ទីរ​ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត​ អភិបាលក្រុង-ស្រុក​ ។

ព្រឹត្តិការណ៍ជាសាធារណ:នោះ នឹងមានកម្មពិធីជិះកង់រៃអង្គាសថវិកានេះគ្រោងធ្វើនៅថ្ងៃទី៧ មិថុនា ២០២៦ខាងមុខនេះ នៅបរិវេណសាលាខេត្តនិងដងផ្លូវក្នុងក្រុងសិរីសោភ័ណ។

លោកតាប់ ខែម ប្រធានក្រុមអ្នកជិះកង់ខេត្តបន្ទាយមានជ័យឲ្យដឹងថា:ក្រុមលោកនឹងចូលរួមជាមួយរដ្ឋបាលខេត្តដើម្បីសហការរៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាទ្រទ្រង់មូលនិធីមន្ទីរពេទ្យគន្ធរបុប្ផា តាមរយ:យុទ្ធនាការ​ «១ម៉ឺនរៀល ១ម៉ឺននាក់» តាមគំនិតផ្តួចផ្តើម ដឹកនាំរបស់លោកជំទាវបណ្ឌិតពេជ ច័ន្ទមូនី នេះ ។
កន្លងមកក្រុមលោក ក៏ធ្វើសម្មភាពរៃអង្គាសប្រាក់និងការងារមនុស្សធម៌នានាដើម្បីរកមូលនិធីទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ , មន្ទីរពេទ្យគន្ធរបុប្ផា និងកម្មវិធីកីឡា មិត្តភាពជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *