ដោយ : ភ្នំធំ / ភ្នំពេញ :ក្រសួងការពារជាតិ កម្ពុជា នៅព្រឹកថ្ងៃអង្គារថ្ងៃទី២៧នេះ បានសម្របសម្រួលដំណើរទស្សនកិច្ចជូនក្រុមអនុព័ន្ធយោធាបរទេស ទៅកាន់ខេត្តតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងបរិបទដែលបទឈប់បាញ់រវាងប្រទេសទាំងពីរកំពុងអនុវត្ត។
តាមការបញ្ជាក់របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង កម្មវិធីនេះបានចាប់ផ្តើមនៅម៉ោង ៦:០០ ព្រឹក ដោយមានការចូលរួមពីក្រុម Military Attachés Corps in Phnom Penh (MACPP) ហើយបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនជាច្រើនកន្លែង។
ក្រសួងបានគូសបញ្ជាក់ថា កម្ពុជាបន្តប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «កម្ពុជាប្រឆាំងដាច់ខាតការគំរាម ឬការប្រើប្រាស់កម្លាំង ហើយប្តេជ្ញាស្វែងរកដំណោះស្រាយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដើម្បីធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនទាំងពីរប្រទេស»។

